3/31/15

អ្នកស្រី ​សេង​ តក្កនារី​ 26 March 2015

អ្នកស្រី សេង តក្កនារី ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា
​ក្នុង​បទ​សម្ភាស​ជាមួយ​ ភ្នំពេញ ប៉ុស្តិ៍​ ​កន្លងមក​​​។
ភ្នំពេញៈ​ សហគ្រិន​ស្រ្តី​កម្ពុជា​នឹង​ទទួល​បានការ ​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​ពី​រដ្ឋាភិបាល និងប្រទេសមហា​អំណាច​សេដ្ឋកិច្ច​ ដើម្បី​បង្កើន​វត្តមាន​កាន់​តែ​ខ្លាំង​ ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងគោលដៅលើ​កម្ពស់​អំណាច​ផ្នែក​សេដ្ឋកិច្ចដល់​ស្រ្តី។ ការ​លើក​ទឹក​ចិត្ត​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្តល់​ជូន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ ​ក្នុង​វិស័យ​ជំនួញ​ដល់​ស្ត្រី។ តំណាង​ស្ថានទូត​នៃ​ប្រទេស​មហាអំណាច​ពីរ​នៅ​កម្ពុជា​គឺ​សហរដ្ឋ​អាមេរិកនិង​ជប៉ុន កាល​ពី​ម្សិលមិញ​បាន​រៀបចំ​សិក្ខា​សាលា​រួម​គ្នា​ជា​លើក​ដំបូង​ដោយ​ផ្តោត​លើការ​បណ្តុះ​គំនិត​សហគ្រិន ​ដើម្បី​បង្កើន​អំណាច​សេដ្ឋកិច្ច​ដល់​ស្រ្តី​នៅ​ប្រទេសកម្ពុជា។ នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​សហការ​ថ្នាក់​តំបន់ និង​កម្រិត​សកល​ រវាង​ប្រទេស​មហា​អំណាច​ទាំងដែល​បាន​កំណត់​ឡើង​កាល​ពី​ខែ​មេសា​ឆ្នាំ​ ២០១៤​ ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោក​នាយ​រដ្ឋ​មន្រ្តី​ជប៉ុន​ ស៊ីនហ្សូ អាបេ។ លោក​ស្រី Julie Chung ភារធារី​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ដើម្បី​សម្រេច​បេសកកម្ម​ក្នុង​ដំណើរ​ការ​សេដ្ឋកិច្ច​ឲ្យ​មាន​កំណើន​ប្រកប​ ដោយ​ចិរភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​ជំរុញ​ឲ្យ​ស្រ្តី​ចូល​រួម​កាន់​តែ​ច្រើន​ក្នុង​សកម្មភាព​ពាណិជ្ជកម្មនិង​សេដ្ឋកិច្ច​គឺជា​យុទ្ធសាស្រ្ត​គន្លឹះ។លោក​ស្រី​ថ្លែង​ថា​៖ «​ភាព​ជា​សហគ្រិន​ជា​ចលករ​សម្រាប់​កំណើន​សេដ្ឋកិច្ច ជា​ប្រភព​នៃ​ការ​រីកចម្រើន​ និង​ជា​វិធី​ដើម្បី​រក្សា​ភាព​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​»។ លោក​ស្រី​បាន​បន្ថែម​ដោយ​ស្រង់​សម្ដី​លោក​ អូប៉ាម៉ា ថា ការ​លើក​កម្ពស់​ស្រ្តី​ក្នុង​វិស័យ​ជំនួញ​គឺជា​ភាព​ត្រឹមត្រូវ ហើយ​ក៏​ជា​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ដ៏​ឆ្លាត​វៃ​មួយ​ផង​ដែរ ​ព្រោះ​នៅ​ពេល​ដែល​ស្រ្តី​ជោគជ័យ​ប្រទេស​ជាតិ​ទំាង​មូល​កាន់​តែ​មាន​ ស្ថិរភាព សុវត្ថិភាព និង​កាន់​តែ​មាន​ភាព​ចម្រុង​ចម្រើន​។ លោក​ស្រី​បន្ត​ថា​៖​ «​នៅ​ពេល​ស្រ្តី​ចូល​រួម​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ និង​មាន​ចំណូល​កើន​ឡើង​ ពួក​គេ​នឹង​ចំណាយ​បន្ថែម​ទៅ​លើ​អាហារ​ដែល​មាន​សុខុមាលភាព វិនិយោគ​បន្ថែម​លើ​ការ​អប់រំ​សម្រាប់​ខ្លួន​ឯង គ្រួសារ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ចូល​រួម​ក្នុង​កំណើន​សេដ្ឋកិច្ច»។ តាម​លទ្ធផល​អង្កេត​ចន្លោះ​ជំរឿន​សហ​គ្រាស​ ២០១៤​ របស់​ក្រសួង​ផែន​ការ​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ កម្ពុជា​មាន​សហគ្រាស​សរុប ​៥១៣​ ៧៥៩​ នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម ​ខែ​មីនា ​ឆ្នាំ​២០១៤ ​កើន​ឡើង​១១​ភាគ​រយ​ពី​ចំនួន ​៤៦៣​ ៣៦៣ កាល​ពី ឆ្នាំ​២០១១។ ក្នុង​នោះ​សហ​គ្រាស​ប្រមាណ​ ៦០ ភាគ​រយ​គ្រប់​គ្រង និង​ដំណើរ​ការ​ដោយ​ស្រ្តី។ របាយ​ការណ៍​ក៏​បាន​បង្ហាញ​ដែរ​ថា​សហគ្រាស​នៅ​កម្ពុជា​បាន​រីក​ធំ​ឡើង​ជាង​មុន​​នូវ​ទំហំ​ប្រតិបត្តិការ​បើ​ធៀប​នឹង​បួន​ឆ្នាំមុន​ដោយ​បាន​រក​ឃើញ​ពី​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​នៃ​សហគ្រាស​ដែល​មានមនុស្ស​ធ្វើ​ការ​ច្រើន​នាក់។ លោក​ស្រី ​ច័ន្ទ សូរីយ៍ រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ថា ចំនួន​ស្រ្តី​ចូល​រួម​ក្នុង​វិស័យ​ជំនួញ​ហាក់​បាន​កើន​ឡើង​ធៀប​នឹង​កាល​ពី​ ប្រាំ​ឆ្នាំ​មុន តែ​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ប្រភេទ​អាជីវកម្ម​ខ្នាត​តូច​នៅ​ឡើយ។​ លោក​ស្រី​ថ្លែង​ថា​៖​«បញ្ហា​ការ​ទទួល​បាន​ចំណូល​ទាប​​​ និង​ចំណេះ​ដឹង​មាន​កម្រិត​ទាប​នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​ការ​ អភិវឌ្ឍភាព​ជា​សហ​គ្រិន​ស្រ្តី​»។ អ្នក​ស្រី​ សេង​ តក្ក​នារី ​ប្រធាន​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​បាន​​លើក​ឡើង​​ភាព​ជា​សហគ្រិន​ស្រ្តី​នៅ​កម្ពុជា​ កំពុង​វិវត្ត​ទៅរក​ភាព​ប្រសើរ​ឡើង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​ដោយ​សារ​ចំនួន​ស្រ្តី​ចូល​រួម​ ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​ពិសេស​សហគ្រិន​ ស្រ្តី​វ័យ​ក្មេង​។ សមាគម​ដែល​មាន​សមាជិក​ជាង ​២០០ ​នាក់​ មាន​សុទ្ធ​សឹង​ជា​សហគ្រិន​ជា​ស្រ្តី​ដែល​កំពុង​វិនិយោគ​លើ​ ២៦​ប្រភេទ​អាជីវកម្ម​ផ្សេងៗ​គ្នា។ អ្នក​ស្រី​អះអាង​ថា​៖​ «​ស្ត្រី​វ័យ​ក្មេង​គាត់​មាន​ភាព​ក្លាហាន មាន​ទំនុក​ចិត្ត​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។ ក្មេង​ គាត់​លឿន គាត់​ចង់​ធ្វើ​អ្វី​ដែល​លេច​ធ្លោ​ដើម្បី​ជោគជ័យហើយ​គាត់​មាន​ចំណេះ​ដឹង​និង​ការ​យល់​ដឹង​ពី​បច្ចេក​វិទ្យា​ខ្ពស់»

No comments:

Post a Comment