![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHgYndyIdihzztkCIvz3wF1tmFTZ3klAJr__KyEz2jumVEn8BNaNFgmnrqSuwvxMo4bqrvuYjS88eTZkJ_GtjfftyVS4oHArjxkefzspA8hstfb3L9aB8xEBN_vEMtgThAwul5r1u_V-0/s640/MD+Postkhmer+05+March+2014+Web.jpg)
បើយើងធ្វើដំណើរដោយថ្មើរជើងពីសារមន្ទីរជាតិ ឆ្ពោះទៅកាន់មាត់ទន្លេរយៈពេលប្រហែល ៥នាទីរួចងាកទៅឆ្វេង
ដែលនៅផ្លូវស្របគ្នានឹងផ្លូវខាងមុខព្រះបរមរាជវាំងយើងនឹងឃើញហាងលក់សម្លៀកបំពាក់ បុរស នារី
ដែលធ្វើពីសរសៃសូត្រខ្មែរពិតៗ ដែលមានភ្ញៀវបរទេស
និងខ្មែរចេញចូលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
នោះជាហាងសូត្រខ្មែរ Sentosasilk
មានការទទួលស្គាល់យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ
ដែលបានបង្កើតឡើងដោយស្ត្រីខ្មែរម្នាក់ដែលធំដឹងក្តីក្នុងសម័យ
ប៉ុល ពត
និងតស៊ូជម្នះរាល់ឧបសគ្គតាំងពីបាតដៃទទេរហូតដល់បានជោគជ័យដ៏
អស្ចារ្យក្នុងពេលបច្ចុប្បន្ននេះ។
ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី
អង្គុយក្នុងហាងដែលជុំវិញហ៊ុំព័ទ្ធដោយក្រណាត់
និងសម្លៀកបំពាក់សូត្រ
ហើយដៃស្ដាំកំពុងលើកជូតទឹកភ្នែកដែលកំពុងតែហូរស្រក់ឥតស្រាក
ស្រាន អ្នកស្រី សេង តក្តនារី
កំពុងរៀបរាប់ពីពេលវេលាកាលនៅពីក្មេងក្នុងវ័យ ១៥ឆ្នាំ ថា៖
«នាពេលរាត្រីមួយក្រោយរបប ប៉ុល ពត
ខ្ញុំរត់រកម្តាយនិងបងប្អូនទាំងកណ្ដាលអាធ្រាត្រម្នាក់ឯងដោយមាន
ខោអាវមួយបង្វិចប៉ុណ្ណោះ»។
អ្នកស្រីប្រាប់ថា៖ «ខ្ញុំរត់រកម្ដាយខ្ញុំក្រោមពន្លឺព្រះខែ ហើយខ្ញុំអត់មានស្បែកជើងពាក់ទេ»។
ទីបំផុតអ្នកស្រីក៏បានជួបនឹងម្ដាយតែអ្នកស្រីមិនចាំថា
ជួបនៅកន្លែងណាទេព្រោះពេលនោះអ្នកស្រីមិនសូវស្គាល់ទីតាំង
ភូមិសាស្រ្តអ្វីឲ្យប្រាកដឡើយ។
លុះក្រោយមកអ្នកស្រីក៏បានជួបបងប្អូនទាំង ៥ នាក់ផ្សេងទៀតផងដែរ។
អ្នកស្រីបាននិយាយទាំងភាពក្តុកក្តួលថា៖
«ខ្ញុំអរខ្លាំងណាស់ពេលបានជួបម្តាយរបស់ខ្ញុំ។
ប៉ុន្តែជាអកុសលឪពុកខ្ញុំបានស្លាប់ទៅហើយក្នុងរបបប្រល័យពូជ
សាសន៍»។
នៅពេលអ្នកស្រីបានជួបជុំគ្រួសារឡើងវិញ អ្នកស្រី
និងគ្រួសារបានចាប់ផ្ដើមអ្វីៗទាំងអស់ពីចំណុចសូន្យចន្លោះទសវត្សរ៍
ឆ្នាំ ៨០។ អ្នកស្រីបានរៀបរាប់ពីមុខរបរប្រចាំថ្ងៃនាពេលនោះថា៖
«ពេលនោះខ្ញុំលក់ ឡេវ លក់អំបោះ ចេស ដើម្បីប្ដូរយកអង្ករ។ ក្រៅពីនេះ
ម្ហូបអាហារគឺខ្ញុំចុះរាវលៀស និងត្រីនៅតាមស្ទឹង។ នៅពេលនោះ
មានលុយឯណានឹងទិញម្ហូប!»។
អ្នកស្រីបានខិតខំរកស៊ីដើម្បីរកប្រាក់ទ្រទ្រង់គ្រួសារទាំង
មូលរួមទាំងប្អូនប្រុសម្នាក់
និងបងប្រុសទាំងពីរនាក់ទៀតរបស់អ្នកស្រីដែលកំពុងតែសិក្សាផង
ដែរ។ អ្នកស្រីបានបន្ដថា៖ «ដោយសារតែគេតែងតែគិតថា
កូនប្រុសរៀនទៅអាចធ្វើធំ ថ្ងៃក្រោយអាចចិញ្ចឹមគ្រួសារបាន»។
អ្នកស្រីត្រូវចំណាយពេលទាំងព្រឹកទាំងថ្ងៃដើម្បីរកប្រាក់
ចិញ្ចឹមគ្រួសារ។ ដូច្នេះអ្នកស្រីមានតែពេលល្ងាច
និងយប់ប៉ុណ្ណោះសម្រាប់ការសិក្សាផ្ទាល់ខ្លួន រួមទាំងភាសាអង់គ្លេស
និងចំណេះដឹងទូទៅជាដើម។
ដោយការខិតខំប្រឹងប្រែងយ៉ាងខ្ចាប់ខ្ជួន
អ្នកស្រីបញ្ចប់មធ្យមសិក្សាទុតិយភូមិក្នុងទសវត្សរ៍ឆ្នាំ ១៩៨០
ហើយអ្នកស្រីក៏បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ១៩៩១។
ក្នុងឆ្នាំ ១៩៩៧ អ្នកស្រី តក្កនារី
បានចូលរៀនផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដែលធ្វើ
ការងារក្នុងក្រុមហ៊ុនជប៉ុនមួយរួចទៅហើយ។ អ្នកស្រីឲ្យដឹងថា៖
«ក្នុងឆ្នាំ ១៩៩៤ និង ១៩៩៥ ខ្ញុំធ្វើការក្នុងក្រុមហ៊ុន ជប៉ុន
មួយដែលមានប្រាក់ខែ ៤៥០ ដុល្លារ។
ប្រាក់ខែប៉ុណ្ណឹងនៅពេលនោះពិតជាកម្រមានណាស់
ដូច្នេះជីវភាពក្រុមគ្រួសាររបស់ខ្ញុំចាប់ផ្ដើមល្អប្រសើរបណ្ដើរៗ
ហើយ»។
ក្នុងឆ្នាំ ២០០៤ អ្នកស្រីសម្រេចចិត្តបើកហាងលក់ផលិតផលសូត្រ
ដែលពេលហាងនោះមិនមែនជា SentoSaSilk ទេ
តែជាហាងតាមចញ្ចើមថ្នល់ធម្មតាមួយប៉ុណ្ណោះ។
អ្នកស្រីបន្ដថា៖ «ពេលនោះខ្ញុំធ្វើកម្រាលពូក ខ្នើយជាដើម
ដែលចេញពីបេះដូងនៃការស្រឡាញ់។
ខ្ញុំផ្ដោតលើពណ៌ធម្មជាតិតាមមែកឈើស្លឹកឈើ និងការរចនាផ្សេងៗ។
ក្រោយមក ស្នាដៃនេះត្រូវបានទទួលស្គាល់
និងជួយជ្រោមជ្រែងពីធនាគារពិភពលោក»។
ចាប់ពីពេលនោះអ្នកស្រីបានទទួលឱកាសទៅសិក្សាវគ្គបណ្ដុះបណ្ដាល
ខ្លីៗបន្ថែមទាក់ទងនឹងការច្នៃម៉ូដនៅ ១៨ ប្រទេសរួមមាន ជប៉ុន កូរ៉េ
បារាំង អាមេរិក និង ចិន ជាដើម។ មិនយូរប៉ុន្មានក្នុងឆ្នាំ ២០០៦
SentoSaSilk ក៏បានប្ដូរទីតាំងថ្មីដែលជាទីតាំងបច្ចុប្បន្ននេះ។
ពេលដែលសួរថា
ហេតុអ្វីបាន
ជាអ្នកស្រីចូលខ្លួនសែនជ្រៅក្នុងអាជីវកម្មនេះ
អ្នកស្រីបានពន្យល់ថា៖ «ដំបូងឡើយខ្ញុំគ្រាន់តែគិតថា
ខ្ញុំគួរតែធ្វើអ្វីស្រាលល្មមសមទៅនឹងកម្លាំងជាស្ត្រីព្រោះធ្វើ
ជាម្ដាយផង ជាភរិយាផង។ ដល់ពេលធ្វើការទៅ
ខ្ញុំត្រូវប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទ្រទ្រង់គម្រោងដែលបាន
បង្កើត»។
អ្នកស្រីបានប្រាប់ពីការលំបាកថា៖
«ដំបូងពេលអត់ភ្ញៀវយើងត្រូវទៅរកភ្ញៀវ។
ពេលបានភ្ញៀវហើយយើងខ្វះអ្នកបច្ចេកទេស
គឺយើងត្រូវទៅរកអ្នកបច្ចេកទេស»។
ក្នុងរយៈពេល ៨ឆ្នាំ SentoSaSilk
បានប្រែពីហាងលក់តាមចិញ្ចើមថ្នល់មកជាហាងលក់ផលិតផលសូត្រដែលមាន
ការគាំទ្រពីគ្រប់ស្រទាប់វណ្ណៈ។ អ្នកស្រី តក្កនារី បានឲ្យដឹងថា៖
«សព្វថ្ងៃយើងមានការទទួលស្គាល់ពីភ្ញៀវខាង ស្ថានទូត
និងធនាគារធំៗក្នុងស្រុក ហើយភ្ញៀវយើងមានទាំងខ្មែរទាំងបរទេស»។
ជាចុងក្រោយអ្នកស្រីសង្ឃឹមថា៖ «ខ្ញុំចង់ឲ្យអត្តសញ្ញាណសរសៃសូត្រមាសកក្រើកល្បីរន្ទឺពាសពេញពិភពលោក»។
អ្នកស្រីអះអាងថា៖ «ខ្ញុំចង់កសាងក្រុមហ៊ុនសូត្រមួយដែលល្បីដែលឈានមុខនៅស្រុកខ្មែរតាមរយៈ SentoSaSilk»៕
www.postkhmer.com/lift
No comments:
Post a Comment